4-Sanlong

ភ្នំពេញៈ មន្ត្រី​ក្រសួង​អប់រំ​ម្នាក់​ដែល​ធ្លាប់​មាន​រឿង​អាស្រូវ​បៀតបៀន​កេរ្តិ៍ខ្មាស​អ្នក​បកប្រែ​ជាតិ​កូរ៉េ​ម្នាក់ ខណៈ​កំពុង​ធ្វើ​ជា​តំណាង​កម្ពុជា​ក្នុង​វេទិកា​ស្ដីពី​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​អាស៊ាន​បូក​ ៣ ​នៅ​កូរ៉េ​ខាង​ត្បូង​កាលពី​ឆ្នាំ​មុន​នោះ​ត្រូវ​បាន​ដំឡើង​ឋានៈ​ខ្ពស់​មួយ​កម្រិត​ទៀត​ជា​ការ​ដំឡើង​មួយ​ធ្វើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​សម្ដែង​ការ​ខកចិត្ត​ និង​ថា​ជា​គំរូ​មិន​ល្អ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​។

លោក គ្រី ស៊ាងឡុង ដែល​ពី​មុន​ជា​ប្រធាន​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ​ហើយ​ត្រូវ​បាន​ក្រសួង​អប់រំ​ដកតំណែង​មក​​ជា​គ្រូ​ធម្មតា​ក្រោយ​ពី​មាន​រឿង​អាស្រូវ​នោះ​ឥឡូវ​នេះ​ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើម​ខ្សែ​ថ្នាក់​លេខ​ ២ ​មក​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើម​ខ្សែ​ថ្នាក់​លេខ​ ១»​។

បើ​តាម​អនុក្រឹត្យ​មួយ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​ ២២ មីនា បាន​សម្រេច​ «​ដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់​ដល់​មន្ត្រី​រាជការ​ចំនួន​ ១៣២៩ ​រូប​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧត្តម និង​ក្របខ័ណ្ឌ​មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​»​។

អនុក្រឹត្យ​នេះ​ក៏​បាន​ដំឡើង​លោក គ្រី ស៊ាងឡុង ពី​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើម​ខ្សែ​ថ្នាក់​លេខ​ ២ ​មក​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើមខ្សែ​ថ្នាក់​លេខ​ ១ ផង​ដែរ​។

ការ​ដំឡើង​នេះ​ត្រូវ​បាន​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​លោក រស់ សាលីន លើក​ឡើង​ថា​ជា​ការ​ធ្វើ​ទៅ​តាម​នីតិវិធី​របស់​ក្រសួង​​អប់រំ​។

លោក​បាន​បន្ត​ថា​៖ «​គាត់​បាន​ធ្វើ​ខុស​ហើយ​ក្រសួង​បាន​អនុវត្ត​ទៅ​តាម​នីតិវិធី​ និង​គោលការណ៍​របស់​ក្រសួង​ដោយ​ដក​គាត់​ចេញ​ពី​តំណែង​ហើយ​គាត់​បាន​ក្លាយ​ជា​គ្រូ​ធម្មតា​ម្នាក់ និង​គាត់​មិន​មាន​តំណែង​ណា​មួយ​ទេ ហេតុ​ដូច្នេះ​ជា​គ្រូ​ធម្មតា​ម្នាក់​ជា​រៀងរាល់​ពីរ​ឆ្នាំ ពួកគេ​ឡើង​កាំ​…»​។

លោក​បាន​បន្ត​ថា​៖ «​មន្ត្រី​បាត់បង់​ក្របខ័ណ្ឌ​លុះត្រា​តែ​តុលាការ​ផ្តន្ទាទោស​ហើយ​គាត់​ក្លាយ​ជា​អ្នកទោស​ហេតុ​ដូច្នេះ​វា​អាច​ស្នើសុំ​ដក​ក្របខ័ណ្ឌ​ហើយ​ក្នុង​ករណី​ដែល​មន្ត្រី​ប្រព្រឹត្ត​ខុស​ហើយ​វា​មិន​ឈាន​ដល់​បទល្មើស​ព្រហ្មទណ្ឌ ហេតុ​ដូច្នេះ​មាន​តែ​អនុវត្ត​តាម​នីតិវិធី​របស់​ក្រសួង​ហើយ​ «​គាត់​បាន​ទទួល​ការ​ដាក់​ទោសទណ្ឌ​រដ្ឋបាល​រួច​ហើយ ហើយ​គាត់​នៅ​មាន​ក្របខ័ណ្ឌ​របស់​គាត់​នៅ​ឡើយ​ជា​រៀង​ពីរ​ឆ្នាំ​កម្រិត​របស់​គាត់​ត្រូវ​បាន​ដំឡើង ប៉ុន្តែ​មិនមែន​ដំឡើង​តំណែង​នោះ​ទេ​»​។

លោក​បាន​បញ្ជាក់​៖ «​នេះ​ជា​អនុក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​មាន​ន័យ​ថា​ដំឡើង​កាំ​ជា​រៀងរាល់​ពីរ​ឆ្នាំ​ម្តង ហើយ​វា​មិនមែន​ជា​អនុក្រឹត្យ​ដំឡើង​តំណែង​ទេ​»​។

យ៉ាង​ណា​ក៏ដោយ​លោកស្រី រស់ សុភាព នាយិកា​នៃ​អង្គការ​យេនឌ័រ​ និង​ការ​អភិវឌ្ឍ​កាលពី​ម្សិលមិញ​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​ដំឡើង​នេះ​ដោយ​ថា​ជា​គំរូ​មិន​ល្អ​មួយ​។

លោកស្រី​បាន​បន្ត​ថា​៖ «​ខ្ញុំ​ពិតជា​ខក​ចិត្ត​ចំពោះ​ដំណឹង​ដែល​គាត់​ត្រូវ​បាន​ដំឡើង​ឋានៈ​»​។

លោកស្រី​បាន​ហៅ​ការ​ដំឡើង​ឋានៈ​នេះ​ថា​ «​បក្ខពួក​​និយម​» ​និង​ «​មិន​ល្អ​ទេ​សម្រាប់​កម្ពុជា​ដែល​វា​មើល​ទៅ​មិន​ល្អ​សម្រាប់​ថ្នាក់​ដឹកនាំ​។ ​ករណី​នេះ​កើតឡើង​នៅ​ប្រទេស​កូរ៉េ​តើ​សហគមន៍​អន្តរជាតិ​វាយតម្លៃ​សង្គម​កម្ពុជា​យ៉ាង​ម៉េច​ទៅ​ចំពោះ​បញ្ហា​នេះ​?

លោកស្រី​បញ្ជាក់​ថា​៖ «​នេះ​ពិតជា​គំរូ​អាក្រក់ ខ្ញុំ​មាន​អារម្មណ៍​ខកចិត្ត​ណាស់​។ កេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល​មិន​ល្អ​ប្រសើរ​ហើយ​តើ​អ្នក​អាច​បង្ហាញ​ករណី​នេះ​ទៅ​សិស្ស ទៅ​ប្រជាជន​ជំនាន់​ក្រោយ​យ៉ាង​ម៉េច​ទៅ​?»​។

សូម​បញ្ជាក់​ថា​លោក គ្រី ស៊ាងឡុង ខណៈ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាលពី​ឆ្នាំ​មុន​បាន​ត្រូវ​នារី​បកប្រែ​ភាសា​ជាតិ​កូរ៉េ​ម្នាក់​ប្ដឹង​ក្រោយ​ពី​រូប​លោក​ឱប​នាង​បម្រុង​ថើប​។ តាមរយៈ​បណ្ដឹង​លោក​ត្រូវ​បាន​ឃាត់​ខ្លួន​ហើយ​ត្រូវ​បាន​ទូត​ជួយ​អន្តរាគមន៍​ក្រោយពី​ព្រម​សង​ប្រាក់​ជំងឺ​ចិត្ត​ ១២៣០០ ​ដុល្លារ​តាម​ការ​សម្រេច​របស់​តុលាការ​កូរ៉េ ខណៈ​នៅ​កម្ពុជា​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាច្រើន​ថា​ជា​ការ​ធ្វើ​ឲ្យ​ខូច​កិត្តិយស​កម្ពុជា​៕ PS

ប្រភព : http://m.postkhmer.com

Facebook Comments

Leave a Reply

Your email address will not be published.